ឃុំ​សំរោង​ទទួលបាន​ស្រះ​ទឹក​ដ៏​ធំ​មួយទៀត

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 3591

ស្រះ​សហគម​ន៏​ទឹក ​ទំហំ៥០ម៉ែត្រ គុណ​នឹង៣០ម៉ែត្រ​ ជម្រៅ២ម៉ែត្រ​ ស្ថិតនៅ​ភូមិ​ក្របី ឃុំ​សំរោង ស្រុក​ត្រាំកក់ បាន​សម្ភោ​ធ ​កាលពីពេលថ្មីៗនេះជា​មួយ នឹង​ការចាក់​វាក់​សាំង ​ការពារ​ជំងឺ​គោ​ចំនួន ២០០ក្បាល​ផងដែរ ។ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​ សារុន រដ្ឋមន្ដ្រី ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ ។

ចំពោះមុខ​ប្រជាជន ​ជិត៣០០គ្រួសារ ដែល​មក​ចូលរួម ​អបអរសាទរ​សមិទ្ធិ​នេះ ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​សម្ដែង​ការកោតសរសើរ​ ចំពោះ​ប្រជាជន ​និង​អជ្ញាធរ​ឃុំ ​ព្រមទាំង​មន្ដ្រី​ ក្រុមការងារ​ដោយបាន​សម្រេច ​កសាង​ស្រះ​ទឹក​នេះ​ឡើង ក្រោម​មូលនិធិ​របស់​ឃុំ។ ឯកឧត្ដម​បញ្ជាក់ថា ​នេះ​ជាការ​សម្រេច​ ដ៏​ត្រឹមត្រូវ​មួយ និង​សមស្រប​ ចំពោះ​ស្ថានភាព​ជាក់ស្ដែង​ចំពោះមុខ។ ស្រះ​ទឹក​នេះ​ នឹង​បានជា​ប្រ​យោ​ជ​ន៏ ​សម្រាប់​ការរស់នៅ និង​ការធ្វើ​កសិកម្ម​ នៅក្នុង​មូលដ្ឋាន ​ដែល​រួមចំណែក​ ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ឃុំ​សំរោង​ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​អភិវឌ្ឍ​ន៏​យ៉ាងច្រើន ដែល​មុននេះ​ ជីវភាព​ប្រជាជន​ ក្នុង​ឃុំ​មានការ​លំបាក។ ប្រជាជន​ពេលនេះ ចេះ​ចិញ្ចឹមសត្វ​ ដាំ​បន្លែ ​និង​មាន​មុខរបរ​បន្ថែមទៀត។ ឯកឧត្ដម​បាន​រំលឹក​ ឱ្យ​ប្រជាជន​បន្ដ​ដោះស្រាយ​បញ្ហា​បន្ថែមទៀត ​តាមរយៈ​ការស្ដារ​ស្រះ​ប្រឡាយ ​ដែលមាន​ស្រាប់​ ការសម្លឹង​ទៅរក​កន្លែង​ ដែលមាន​ប្រភពទឹក ដើម្បី​នាំយក​ទឹក​មកប្រើប្រាស់​ក្នុងការ​រស់នៅ និង​ការដាំដុះផ្សេងៗ ។

ឯកឧត្ដម​បាន​ពន្យល់​ផងដែរ​ ពី​ការប្រើប្រាស់​ពូជស្រូវ បច្ចេកទេស​ដាំ​ដុះ ​របៀប​ថែទាំ​របៀប​ទុក​ដាក់ ជូន​ពិសេស​ការប្រើប្រាស់​ពូជស្រូវ​ទាំង១០ ដែល​រាជរដ្ឋាភិបាល​បានសម្រេច ហើយ​ក្រសួង​កំពុងតែ​ផ្សព្វផ្សាយ។ ឯកឧត្ដម​ក៏បាន​ពន្យល់​ផងដែរ ​ទាក់ទង​ទៅនឹង​ការផ្លាស់ប្ដូរ​ឥរិយាបថ ​ក្នុងការ​ចិញ្ចឹមសត្វ​ពោល ​ដោយ​ត្រូវ​បញ្ឈប់​ការចិញ្ចឹម​ ដោយ​លែង​ពាសវាល​ពាសកាល​ មក​ការចិញ្ចឹម​ដោយ​ដាក់​ទ្រុង​ដាក់​ក្រោល​និង​ឱ្យ​ចំណី​គ្រប់គ្រាន់ ៕

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12