នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករផលិតដំណាំស្រូវ ស្ថិតនៅភូមិទានកាំត្បូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
កិច្ចសំណេះសំណាលនេះធ្វើឡើងនៅក្នុងគោលបំណង ផ្តោតទៅលើប្រធានបទសំខាន់ៗមានដូចជា ៖
១. ណែនាំអំពីតួនាទី និងទំនួលខុសត្រូវរបស់មន្ត្រីកសិកម្មឃុំទៅកាន់កសិករ
២. សិក្សាអំពីបញ្ហាប្រឈមរបស់កសិករ
៣. ផែនការគាំទ្រដល់កសិករក្នុងការចូលរួមផលិតកម្មកសិកម្មផ្សារភ្ជាប់ទៅនឹងទីផ្សារ ជាពិសេសការចូលរួមក្នុងប្រព័ន្ធពូជសុទ្ធស្រូវផ្ការំដួល និងស្រូវសែនក្រអូប ។
សូមបញ្ជាក់ថាតាមរយៈកិច្ចសំណេះសំណាលនេះ ជាលទ្ធផល ប្រជាកសិករនៅតំបន់នោះ បានចាប់អារម្មណ៍ក្នុងការចូលរួមដើម្បីទទួលបាននូវសេវាគាំទ្រពីមន្ត្រីកសិកម្មឃុំ ហើយទន្ទឹមនឹងនោះ មន្ត្រីកសិកម្មឃុំក៏ទទួលបាននូវការរៀនសូត្របន្ថែមអំពីរបៀបធ្វើការជាមួយកសិករផងដែរ៕