នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសិក្ខាសាលាតម្រង់ទិស ដល់មន្រ្តីកសិកម្មឃុំសង្កាត់ចំនួន២ ដែលរួមមាន៖ មន្រ្តីកសិកម្មឃុំសង្កាត់នៅក្នុងខេត្តបាត់ដំបង និងមកពីខេត្តបន្ទាយមានជ័យ ដែលកម្មវិធីសិក្ខាសាលាបានប្រព្រឹត្តទៅ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។
សិក្ខាសាលាធ្វើឡើងនៅក្នុងគោលបំណង ផ្តោតទៅលើប្រធានបទសំខាន់ៗមានដូចជា ៖
១. ណែនាំបន្ថែមពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីកសិកម្មឃុំ និងគោលការណ៍វាយតម្លៃភាពជោគជ័យរបស់មន្រ្តីកសិកម្មឃុំដែលចូលរួមសម្រេចដោយកសិករ
២. លើកឡើងដោយបង្ហាញពី ប្រភេទប្រព័ន្ធពូជស្រូវសុទ្ធផ្ការំដួល និងស្រូវសែនក្រអូប
៣. ធ្វើការណែនាំអំពីប្រព័ន្ធ SRP និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃស្រូវអង្ករ
៤. ការជ្រើសរើសកសិករដើម្បីចូលរួមក្នុងការផលិតប្រព័ន្ធពូជសុទ្ធ និងផលិតកម្មតាមគោលការណ៍ SRP កិច្ចសន្យាកសិកម្ម
៥. ការសហការជាមួយគម្រោង PCRL ដែលជាគម្រោងសហការជាមួយអង្គការស្បៀងអាហារ និងកសិកម្ម FAO
សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះជាលទ្ធផល បានធ្វើឲ្យមន្រ្តីកសិកម្មឃុំទាំងពីរខេត្ត មានការយល់ដឹងច្បាស់បន្ថែមទៀត ហើយមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង នៅក្នុងការចាប់ផ្តើមការងារជាមួយកសិករ តាមឃុំសង្កាត់ដែលមន្រ្តីកសិកម្មឃុំថ្មីទាំងនេះ នឹងចូលទៅបំពេញកាតព្វកិច្ចការងារតាមឃុំសង្កាត់រៀងៗខ្លួន ៕