ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាស់តឿន មន្ត្រីជំនាញ និងមន្ត្រីកសិកម្មថ្នាក់ខេត្ត ជំរុញការធ្វើបង្ហាញនូវពូជស្រូវទាំង១០មុខ និងដំណាំផ្សេងៗ ដើម្បើឲ្យកសិករ ពង្រីកបាននូវផលិតភាពរបស់ខ្លួន ឆ្លើយតបទៅនឹងគោនយោបាយ របស់ក្រសួង ក៏ដូចរាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់កសិករចំនួនជាង១០០គ្រួសារ នៅឃុំសាលា និងឃុំពពេល ស្រុកបរិបូរណ៍ កាលពីចុងសប្តាហ៍នេះថា ក្រោយពេលប្រមូលផលស្រូវរួចត្រូវតែប្រញាប់ភ្ជួរដី លុបគល់ជញ្ជ្រាំង ហើយបង្វែរផ្ទៃដីនេះ ទៅដាំដំណាំផ្សេងទៀត ដែលត្រូវការទឹកតិច។
ធ្វើបែបនេះគឺជាការពិធកម្មមួយ លើផ្ទៃដីដែលមានស្រាប់ និងដើម្បើបង្កើនចំណូល សម្រាប់គ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តទៀតថា ការភ្ជួរដីលុបគល់ ជញ្ជ្រាំងក៏ជាការបង្កើនគុណភាពដីផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យកសិករប្តូរពូជ មកប្រើប្រាស់ពូជស្រូវទាំង១០មុខ ដែលរាជរដ្ឋាភិបាល បានសម្រេចដើម្បើធ្វើការដាំដុះសម្រាប់ទីផ្សារក្នុង និងនាំចេញទៅក្រៅប្រទេស។
ប្រធានមន្ទីរកសិករខេត្ត ត្រូវជំរុញការចែកពូជស្រូវទាំង១០មុខ និងធ្វើបង្ហាញជូនកសិករផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ ត្រូវបញ្ចូនអ្នកបច្ចេកទេស ឲ្យចុះមកជួយបណ្តុះបណ្តាល ក្នុងការអនុវត្តន៍បច្ចេកទេសថ្មីៗ ការធ្វើពូជស្រូវទាំង១០ ការដាំដុះដំណាំផ្សេងៗ ដោយនាំ ទាំងពូជមកផង និងធ្វើបង្ហាញ ឲ្យកសិករបានឃើញ និងចូលរួម។
គួររំលឹងផងថា ពូជស្រូវទាំង១០មុខនេះ មានៈស្រូវស្រាល មិនប្រកាន់រដូវចំនួន៣ គឺសែនពិដោ IR66 និងជលសា។ ស្រូវកណ្តាលមានចំនួន៤គឺ ស្រូវផ្ការំដួល ផ្ការមៀត ផ្ការំដេង និងផ្កាច័ន្ទសែនស។ ស្រូវធ្ងន់ចំនួន ៣គឺ CAR4 CAR6 និងរាំងជ័យ។ នៅទីកន្លែង ដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញទៅនេះ គឺកសិករកំពុងធ្វើស្រែ ដោយអនុវត្តតាម ប វ ស ។
តាមរយៈ លទ្ធផលបណ្តោះអាសន្ន គិតមកត្រឹមថ្ងៃទី១០ ខែធ្នូនេះ ទិន្នផលស្រូវជាមធ្យម របស់ខេត្តកំពង់ឆ្នាំង គឺចំនួន២,៩១៨តោន ក្នុងមួយហិកតា។ ពេលនេះធ្វើស្រូវប្រាំងអនុវត្តន៍ ចំនួន៣១,៥០ហិកតា ក្នុងផែនការចំនួន២៣ ពាន់ហិកតា។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកថា កសិករឲ្យប្រឹងប្រែងព្យាយាម ទើបអាចជំរុញបាននូវផលិតភាពកសិកម្ម ការទទួលបាននូវចំណូលកាន់តែច្រើន ខណៈឱកាសបានមកដល់។ ពោលគឺចាប់ផ្តើមពីការដាំដុះ ដំណាំផ្សេងៗ នៅជុំវិញផ្ទះដោយមិនត្រូវទុកដី ឲ្យនៅទំនេរ ការចិញ្ចឹមសត្វកាចិញ្ចឹមត្រី។ល៕