នាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យទ្បើងវិញនៃការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្ម នៅខេត្តកំពត ក្រោមអធិបតីភាព លោក សាម៉េង កែវមុនីន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ។ សិក្ខាសាលាខាងលើ ទទួលបានការគាំទ្រថវិកាដោយអង្គការរ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) និងបានអញ្ជើញសិក្ខាកាមចូលរួមមកពីមន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្ត រួមជាមួយនឹងសហភាពសហគមន៍កសិកម្ម ដែលមានអ្នកចូលរួមសរុបចំនួន៥៤នាក់ ស្រ្តីចំនួន១៤នាក់ ។
គោលបំណងសំខាន់ៗនៃសិក្ខាសាលាខាងលើនេះគឺ៖
១. ដើម្បីពិនិត្យឡើងវិញនៃការអនុវត្តតាមច្បាប់ស្តីពីសហគមន៍កសិកម្មដោយសហគមន៍កសិកម្មនៅកម្ពុជា។
២. ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្មសំដៅធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តភាពរបស់សហគមន៍កសិកម្មនៅកម្ពុជា៕