នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសំណេះសំណាល និងចែកជូនពូជស្រូវដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ចំនួន ២ ៣២៥គ្រួសារ មកពីឃុំចំណោម ឃុំរហាត់ទឹក និងឃុំសឿ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងកម្មវិធីសំណេះសំណាលនេះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និង ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនចំពោះប្រជាពលរដ្ឋក្នុងអង្គពិធីទាំងអស់។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ តែងតែស្ថិតនៅកៀកកិត និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច ក្នុងគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុក អាជ្ញាធរដែនដី និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានឧបត្ថម្ភស្បៀងអាហារ ដើម្បីសម្រាលទុក្ខធុរៈ និងការលំបាករបស់ប្រជាពលរដ្ឋនាពេលកន្លងមក៕