ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះធ្វើការគាំទ្រ តម្រង់ទិសការអនុវត្តការងារដំបូងរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ថ្មី នៅខេត្តចំនួនពីរ
ចេញផ្សាយ ២២ មីនា ២០២៥
418
ចាប់ពីថ្ងៃទី១៩ និងថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ រួមជាមួយមន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះគាំទ្រ តម្រង់ទិសការអនុវត្តការងារដំបូងរបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ ទាំងថ្មី នៅឧត្តរមានជ័យ និងខេត្តកែប។ ក្នុងនោះមានមន្ត្រីកសិកម្មឃុំទាំងចាស់ ថ្មី មកពីខេត្តឧត្តរមានជ័យ សរុប២៤នាក់ និងខេត្តកែប មានមន្ត្រីកសិកម្មឃុំថ្មីទាំងអស់ចំនួន០៥នាក់។
នាឱកាសនៃវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧ និងគោលនយោបាយអាទិភាពទិភាពទាំង៦ ជាពិសេសគោលនយោបាយអាទិភាពទី៥ទី៦ និងតួនាទីភារកិច្ចមន្ត្រីកសិកម្មឃុំសង្កាត់ជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់មន្ត្រីកសិកម្មឃុំទាំងចាស់ថ្មី ឱ្យបំពេញការនៅមូលដ្ឋានឱ្យបានល្អ ហើយសហការជាមួយភាគីពាក់ព័ន្ធ បម្រើកសិករដោយមានភាពស្មោះត្រង់ ដើម្បីសម្រេចបាននូវការបង្កើនប្រាក់ចំណេញខ្ពស់ពីវិស័យកសិកម្ម។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ដំណើរការចុះតម្រង់ទិសដំបូងដល់មន្ត្រីកសិកម្មឃុំថ្មីវគ្គ២ អនុវត្តបាន១៧ខេត្ត។ ចំណែក ខេត្តនៅតំបន់សមុទ្រ ឯកឧត្តមបណ្ឌិតនឹងបន្តចុះតម្រង់ទិសឱ្យចប់សព្វគ្រប់នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ មីនា ខាងមុខនេះផងដែរ៕