នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច នៃអគ្គនាយកដ្ឋានជលផល និងកងកម្លាំងយោធភូមិភាគ៤-៥ កម្លាំងមេបញ្ជាការស្រាល អាជ្ញាធរមូលដ្ឋានខេត្តកំពង់ធំ ប្រជាពលរដ្ឋ ប្រជានេសាទ សហគមន៍នេសាទ ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ទឹម បូរក្ស និងឯកឧត្តម ប៉ែន ផលិការ អនុរដ្ឋលេខាធិការ ក្រុមលោកស្រី កាំង ឃីម អគ្គនាយករង និងក្រុមការងារនៃអគ្គនាយកដ្ឋានជលផល ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ប្រជានេសាទ និងសមាជិកសហគមន៍នេសាទមកពីឃុំផាត់សណ្តាយ សរុបចំនួន ២៣៩នាក់ ក្នុងនោះមានស្ត្រីចំនួន៥៤នាក់។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ធ្វើឡើងដើម្បីការពារត្រីមេពូជ និងធានានិរន្តរភាពធនធានជលផល។ ទន្ទឹមនឹងនេះ ក្រុមការងារចុះ បានណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច យកចិត្តទុកដាក់លើការអប់រំ ណែនាំ និងផ្សព្វផ្សាយបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានច្បាស់លាស់។ ការផ្សព្វផ្សាយ ត្រូវប្រើភាសាសាមញ្ញ និងងាយយល់ ដើម្បីឱ្យប្រជាពលរដ្ឋស្គាល់អំពីសិទ្ធិ កាតព្វកិច្ច រដូវបិទ និងបើកនេសាទ ព្រមទាំងប្រភេទឧបករណ៍នេសាទ ដែលច្បាប់អនុញ្ញាត និងហាមឃាត់។
បន្ថែមពីនេះឯកឧត្តមបានណែនាំទៅក្រុមការងារជំនាញ ផ្តោតលើការស្រាវជ្រាវ និងប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ជាមួយសហគមន៍ មុននឹងចុះទប់ស្កាត់ និងបង្ក្រាបឧបករណ៍នេសាទបំផ្លិចបំផ្លាញខ្នាតធំដោយតម្លាភាព ដើម្បីជៀសវាងប៉ះពាល់ដល់ប្រជានេសាទស្របច្បាប់។ ជាមួយគ្នានេះ ក្រុមការងារត្រូវស្តាប់ និងដោះស្រាយបញ្ហជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងកិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញ និងប្រជាសហគមន៍ ដើម្បីគ្រប់គ្រង និងការពារធនធានជលផលឱ្យមានប្រសិទ្ធភាព និងចីរភាព៕