នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា- អ៊ីរ៉ង់ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការសហការក្នុងវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងទទួលបានផលចំណេញទាំងអស់គ្នា។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបើកទូលាយសម្រាប់ការវិនិយោគលើវិស័យកសិកម្ម ស្របតាមគោលនយោបាយ ជាពិសេសលើការកែច្នៃផលិតផលកសិកម្មប្រកបដោយគុណភាពសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាចង់ឱ្យការអនុវត្ត MoU ជាមួយប្រទេសជាដៃគូទាំងអស់ មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ និងផលចំណេញទាំងអស់គ្នា៕