នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តចុះសួរសុខទុក្ខនិង ពិនិត្យកសិដ្ឋានចិញ្ចឹម មាន់ពូជ ក្នុងស្រុកជាលក្ខណៈគ្រួសាររបស់លោក ហង្ស សាមិត ដែលត្រូវបានជ្រើសរើសជាកសិករគំរូក្នុង កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ដោយមានការគាំទ្រនិងឧបត្ថម្ភពី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) កសិករគំរូម្នាក់នេះបានបង្កើនការចិញ្ចឹមរបស់គាត់តាំងពី ២៣ក្បាល ទៅអាចផ្គត់ផ្គង់មាន់សរុប ២៨៧ក្បាល ដែលស្មើនិង ៣៦៨គីឡូ ក្នុងរយះពេលមិនដល់មួយឆ្នាំផង។ កសិករ ហង្ស សាមិត ក៏បានបញ្ចាក់ផងដែរថាកសិដ្ឋានចិញ្ចឹមមាន់ពូជក្នុងស្រុកដែលជាពូជមាន់មានតម្រូវការខ្ពស់នៅលើទីផ្សារ មានតម្លៃពី ១៣០០០រៀល ទៅ១៨០០០រៀលក្នុងមួយគីឡូក្រាម ដែលមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់ដែលមានសមាជិក ១២ នាក់បានល្អប្រសើរ។