ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃដដែល ឯកឧត្តម រដ្ឋមន្រ្តី រួមដំណើរជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងសហការី បានបន្តដំណើរចុះពិនិត្យស្រូវប្រាំង ស្ថិតក្នុងភូមិរវៀង ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលនៅសេសសល់ផ្ទៃដីដាំដុះដំណាំស្រូវប្រមាណជា ៤ ពាន់ហិកតា ដល់ពេលប្រមូលផល ដែលអាចទទួលបានផលស្រូវសរុបចំនួនប្រមាណជាមួយម៉ឺនប្រាំពីរពាន់តោន។ តាមការជួបសំណេះសំណាល រវាង ឯកឧត្តម រដ្ឋមន្រ្តី និងប្រជាកសិករ នៅទីនោះបានឲ្យដឹងថា ប្រជាពលរដ្ឋពិតជាមានចិត្តសប្បាយរីករាយជាខ្លាំង ព្រោះមានក្រុមឈ្មួញបានមកចុះប្រមូលទិញស្រូវដល់ស្រែ មានតម្លៃល្អ គឺ ៨២០ រៀលក្នុងមួយគីឡូក្រាម (លើសពីឆ្នាំទៅ ១២០ រៀលក្នុងមួយគីឡូក្រាម) បើទោះបីប្រមុខរាជរដ្ឋាភិបាល បានប្រកាសជាផ្លូវការក្នុងការផ្អាកនាំចេញស្រូវ និងអង្ករសរទៅក្រៅប្រទេសនាពេលថ្មីៗនេះយ៉ាងណាក៏ដោយ។