នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសាធាតុញៀន និងសារធាតុគីមីផ្សំ នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ។
បើតាមឯកឧត្តម ព្រុំ សុខា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើសារធាតុគីមីដែលតម្រូវឱ្យមានការត្រួតពិនិត្យ តាមដានយ៉ាងតឹងរ៉ឹងបំផុត និងការប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធសម្រាប់រៀបចំ SOP (Standard Operation Procedures) នឹងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យសារធាតុញៀន សារធាតុគីមីផ្សំ ខណៈបញ្ហាគ្រឿងញៀន ជាបញ្ហាសាកលដែលពិបាកក្នុងការគ្រប់គ្រង និងលុបបំបាត់ណាស់ ប៉ុន្តែយើងត្រូវបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំចាត់បទឧក្រិដ្ឋកម្មគ្រឿងញៀន គាំពារអ្នករងគ្រោះ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព៕