នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំរៀបចំបញ្ចូលសេវាសាធារណៈសម្រាប់ការផ្តល់លិខិតអនុញ្ញាតបង្កើតទីតាំងទិញ-លក់ សន្និធិឬកន្លែងកែច្នៃផលជលផល និងលិខិតអនុញ្ញាតបង្កើតវារីវប្បកម្មរបស់អគ្គនាយកដ្ឋានជលផល ក្នុងប្រព័ន្ធអេឡិចត្រូនិកសម្រាប់ធុរកិច្ច។
កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារបច្ចេកទេសនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានជលផល ព្រមទាំងមានការចូលរួមផងដែរពីក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។
សូមជម្រាបថា មកដល់ពេលនេះក្រសួងបានដាក់ដំណើរការសេវាស្នើសុំបង្កើត កសិដ្ឋានចិញ្ចឹមសត្វ និងបង្កើតពូជសត្វខ្នាតមធ្យមនិងធំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរួចមកហើយ។ ទន្ទឹមនឹងនេះផងដែរ ក្រសួងគ្រោងនឹងដាក់ឱ្យដំណើរការសេវាចំនួន៨ បន្ថែមទៀត សម្រាប់សេវាស្នើសុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណផ្សេងៗផ្នែកជីកសិកម្ម និងថ្នាំកសិកម្មរបស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនាពេលឆាប់ៗខាងមុខនេះផងដែរ៕