នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្តិ៍ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាល និងណែនាំឱ្យស្ថានីយ៍ពិនិត្យលទ្ធភាពពង្រីកការស្រាវជ្រាវបន្ថែម ដោយមិនផ្តោតតែលើដំណាំស្រូវប៉ុណ្ណោះទេ តែត្រូវគិតលើសត្វ សាកវប្បកម្ម និងវារីសត្វផងដែរ ព្រោះនេះជាការងារស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ ដោយធ្វើយ៉ាងណាឱ្យមានការប្រើប្រាស់ធាតុចូលតិច កាត់បន្ថយចំណាយ ចំណេញច្រើន មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។
ចំពោះការងារនេះ គឺត្រូវមានទស្សនទានរួមគ្នានៃអនុវិស័យនានា សត្វ ដំណាំ វារីវប្បកម្ម ហើយត្រូវប្រាកដថាការងារស្រាវជ្រាវនេះបម្រើឱ្យសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ដីឱ្យអស់លទ្ធភាព ព្រមទាំងពិចារណាថវិកាសម្រាប់គម្រោងវិនិយោគលើការស្រាវជ្រាវផ្សេងៗ ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ហើយសម្រាប់ពូជដែលមិនមានប្រសិទ្ធភាពសេដ្ឋកិច្ច គឺមិនបាច់បន្តឬពង្រីកការផ្សព្វផ្សាយទេ៕