នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងមកពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ នាយករដ្ឋបាលខេត្តសៀមរាប មន្ទីរជំនាញពាក់ព័ន្ធ និងសមាគមសហព័ន្ធស្វាយចន្ទី សរុបចំនួន២៥នាក់។
សមាសភាពនៃកិច្ចប្រជុំក៏បានចុះទៅពិនិត្យដល់ទីតាំង ដែលត្រៀមសម្រាប់រៀបចំកម្មវិធីសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ ដែលនឹងប្រារព្វធ្វើឡើងចំនួន ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប៕