នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សនិទ្ទេស A និង B នៅមណ្ឌលខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានសម្តែងនូវការអបអរសាទរចំពោះសិស្សានុសិស្ស ខេត្តសៀមរាប ដែលបានប្រឡងជាប់ ទទួលបាននិទ្ទេស A ទាំង២៤៧នាក់ និងនិទ្ទេស B ចំនួន ៧៥៨នាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និងការចូលរួមអប់រំរបស់មាតាបិតា និងអាណាព្យាបាល។ ជាងនេះទៀតលទ្ធផលរបស់ក្មួយៗពេលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់ក្មួយៗ ទើបទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាទទួលបានជ័យលាភីនៅក្នុងការប្រឡងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនេះ៕