នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី អមដោយលោកអភិបាលស្រុកមង្គលបូរី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានបន្តអញ្ជេីញចុះពិនិត្យស្ថានភាពទឹកជំនន់នៅភូមិសាយសាម៉ន ឃុំចំណោម និងឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ។
តាមរយៈការចុះអន្តរាគមន៍នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បាននាំយកអំណោយរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចែកជូនដល់ពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន២៥គ្រួសារ នៅឃុំចំណោម និងចំនួន ៣៨គ្រួសារ (ភូមិព្រែកជីកចំនួន ៣៤គ្រួសារ ភូមិអន្លង់ថ្ងាន់លិចចំនួន ២គ្រួសារ និងភូមិបត់ត្រង់តូចចំនួន ២គ្រួសារ) ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ និងស៊ុតទា ២០គ្រាប់ សម្រាប់ប្រើប្រាស់ជាស្បៀងបណ្ដោះអាសន្ន៕