នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលថ្លៃ កសិផល ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
កិច្ចប្រជុំបានពិភាក្សាដោយផ្ដោតទៅលើការវាយតម្លៃស្ថានភាពនៃពាណិជ្ជកម្មស្រូវអង្ករ នៅចំពោះមុខនៃការធ្លាក់ថ្លៃស្រូវ និងសន្តិសុខស្បៀង។ ជាមួយគ្នានោះដែរ ក្រុមការងារនៃកិច្ចប្រជុំបានពិនិត្យមើលពីចរន្តនៃការប្រមូលទិញរបស់រោងម៉ាស៊ីនក្នុងស្រុក លំហូរស្រូវនាំចេញទៅប្រទេសវៀតណាម និងបច្ចុប្បន្នភាពនៃការប្រមូលផល ព្រមទាំងការវាយតម្លៃលើផលិតកម្មនៅចុងរដូវប្រាំង និងដើមរដូវវស្សា។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបានសម្រេចថា នឹងដាក់សំណើជូនប្រធានក្រុមប្រឹក្សាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចាត់វិធានការចាំបាច់ និងសមស្រប ក្នុងការធានារក្សាថ្លៃស្រូវ និងធានាសន្តិសុខស្បៀង៕