នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលស្តីពី «លិខិតបទដ្ឋានពាក់ព័ន្ធ និងការអនុវត្តវារីវប្បកម្មល្អ» សម្រាប់មន្ត្រីកសិកម្មឃុំ សង្កាត់នៃខេត្តគោលដៅចំនួន២ រួមមាន៖ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដែលរៀបចំឡើង ដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ក្រោមការឧបត្ថម្ភពីសហភាពអឺរ៉ុប តាមរយៈភ្នាក់ងារអភិវឌ្ឍន៍បារាំង មានរយៈពេល២ថ្ងៃ (ថ្ងៃទី២៥- ២៦ ខែវិច្ឆិកា ២០២៥)។
វគ្គបណ្តុះបណ្តាលនេះ រៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោកថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម លោកស្រី ឌុក រ៉ា ដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ៨០រូប។
គោលបំណងនៃវគ្គបណ្តុះបណ្តាល ដើម្បីបំពេញបន្ថែម និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងការសម្របសម្រួលបច្ចេកទេសវារីវប្បកម្មជាគន្លឹះ ក្នុងការផលិតមានគុណភាព និងសុវត្ថិភាពអាហារ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវារីវប្បកម្ម ដើម្បីយកទៅបំពេញការងារ ជួយដល់វារីវប្បករ ឬអ្នកចិញ្ចឹមវារីសត្វ និងអ្នកពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព៕