ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រេស៊ីលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ចេញផ្សាយ ២៨ តុលា ២០២៦
87
កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រេស៊ីលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកជំនាញមកពីក្រសួងកសិកម្ម និងបសុសត្វ (MAPA) នៃប្រទេសប្រេស៊ីល។
កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហការទ្វេភាគី លើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងការស្វាគមន៍ចំពោះប្រតិភូប្រេស៊ីល និងបានវាយតម្លៃខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្មព្រមទាំងបានជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម និងកសិផលដែលមានសក្តានុពលនៅកម្ពុជាដែលអាចនាំចេញទៅទីផ្សារប្រេស៊ីលបាន។ ភាគីទាំងពីរក៏បានបង្ហាញពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវកសិកម្ម និងការកសាងសមត្ថភាពមន្រ្តីកសិកម្ម ដោយមានការគាំទ្រពីវិទ្យាស្ថាន Embrapa ដែលជាស្ថាប័នស្រាវជ្រាវកសិកម្មដ៏ធំរបស់ប្រេស៊ីល។
ភាគីទាំងពីរក៏បានឯកភាពគ្នាពន្លឿនការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ៕