នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ និងកុមារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុង «កិច្ចសន្ទនាតុកាហ្វេស្តីពី តុល្យភាពជីវិត និងការរីកចម្រើន៖ ការសិក្សា ការងារ និងការរស់នៅប្រកបដោយសុខុមាលភាព» នៅសណ្ឋាគារ Sun & Moon។ កម្មវិធីនេះរៀបចំដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដោយមានការគាំទ្រពីអង្គការ FAO និងមានការចូលរួមពីតំណាងភាគីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងក្នុងពិធីបើក លោកជំទាវ ចាន់ ផលលឿន បានគូសបញ្ជាក់ថា ជំនួបនេះជាវេទិការួមសម្រាប់ចែករំលែកបទពិសោធន៍ ជំរុញការគ្រប់គ្រងពេលវេលា ការកំណត់អាទិភាព និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ។ លោកជំទាវសង្កត់ធ្ងន់ថា តុល្យភាពជីវិតមិនមែនជាការបែងចែកពេលវេលាស្មើគ្នារវាងការងារ និងការសម្រាកនោះទេ ប៉ុន្តែជាសមត្ថភាពគ្រប់គ្រងពេលវេលា និងថែរក្សាសុខភាព ដោយជោគជ័យក្នុងអាជីពត្រូវដើរទន្ទឹមគ្នានឹងសុខុមាលភាព និងពេលវេលាសម្រាប់គ្រួសារ។
នៅចុងបញ្ចប់ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអង្គការ FAO និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សម្រាប់កិច្ចសហការ និងសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចពិភាក្សានេះ នឹងក្លាយជាទុនគំនិតដ៏មានតម្លៃក្នុងការតម្រង់ទិសសិស្ស និស្សិត និងបុគ្គលិកសិក្សា ឱ្យអភិវឌ្ឍសមត្ថភាព បំពេញការងារមានប្រសិទ្ធភាព និងរស់នៅដោយមានសុខុមាលភាពល្អ៕