កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៥នេះ ឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម លី ផល្លា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ‑ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងឯកឧត្តម អស់លោកជាប្រធានអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម បានអញ្ជើញទៅពិនិត្យ វាយតម្លៃ ការងារកសិកម្មខេត្តពោធិសាត់ ដោយមានការអញ្ជើញចូលពីសំណាក់ឯកឧត្តម ម៉ៅ ថានីន អភិបាលនៃគណៈអភិបាលខេត្ត ពោធិសាត់បានអញ្ជើញទៅពិនិត្យ វាយតម្លៃការងារកសិកម្មខេត្តពោធិសាត់ ដោយចាប់ផ្តើមពីការពិនិត្យសកម្មភាពកសិដ្ឋានចិញ្ចឹមត្រីនៅភូមិពន្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដោយបានសេចក្តីរាយការណ៏ពីសំណាក់លោក ឆាយ មន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅទីនោះ អំពីប្រវត្តិ និងលទ្ធផលនៃការចិញ្ចឹមត្រីប្រភេទពូជត្រីប្រា ដោយទទួលផលគិតជាមធ្យម ៥០តោនក្នុងមួយលើកៗ។
តមកឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុន និងប្រតិភូរួមដំណើរបានអញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីកសិកម្មខេត្តពោធិសាត់ ដោយបានសេចក្តីរាយការណ៏ពីសំណាក់លោក ឡាយ ពិសិដ្ឋ ប្រធានមន្ទីកសិកម្មខេត្តពោសាត់ អំពីសភាពការណ៏ ការងារកសិកម្មទូទាំងខេត្ត ជាអាទិអំពីស្ថានភាពមន្ត្រីរាជការ អំពីការងារបង្ករបង្កើនផលក្នុងនោះរដូវវស្សាអនុវត្តបាន ១១១១០៦ ហិចតា គឺស្មើនឹង១១១,១១% នៃផែនការ រីឯស្រូវរដូវប្រាំងអនុវត្តបាន ១១៦៨៦ ហិចតា គឺស្មើនឹង ១៤១,៣១% នៃផែនការ រីឯការងារដាំដុះដំណាំរួមផ្សំ និងការងារចិញ្ចឹមសត្វ ចិញ្ចឹមត្រីគឺមានសន្ទុះកើនឡើងជាងបណ្តាឆ្នាំកន្លងទៅ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានមានប្រសាសន៏ស្ងើចសរសើរ និងវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អនុវត្តការងារសម្រេចបានលទ្ធផលគួរជាទីមោតនៈ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៏ផ្តល់ នូវការលើកទឹកចិត្តសូមអោយបន្តការខិតខំបន្ថែមទៀតព្រមទាំងបានផ្តល់អនុសាសន៏មួយចំនួនដូចជា ត្រូវបន្តជម្រុញផ្នែកយន្តរូបនីយកម្ម យកចិត្តទុកដាក់ទៅក្នុងការជ្រើសរើសពូជស្រូវ ពូជដំណាំកសិកម្ម និងពូជសត្វ ឆ្លើយតបតម្រូវទីផ្សារ ជាពិសេសសូមអោយបន្ត ការងារប្រពលវប្បកម្ម ដំណាំស្រូវតាមគោលការណ៏ធម្មជាតិ ឈានឆ្ពោះទៅបង្កើនទិន្នផល បង្កើនរដូវដាំដុះទៅលើផ្ទៃដីដដែល ឆ្លើយតបទោះនឹងសេចក្តីត្រូវការលើបញ្ហាស្បៀងផង និងរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនផលិតកម្មដំណាំស្រូវ និងនាំចេញអង្ករ ក្នុងនោះគឺត្រូវផ្សាភ្ចាប់ការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើចរាចរសំភារៈកសិកម្មឲ្យបានម៉ឹងម៉ាត់៕