នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក យ៉យ ស៊ីណា ប្រធានការិយាល័យនៃនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ដំបូងស្តីពី «ការអនុវត្តន៍អនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា» នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលរបាយការណ៍ដំបូងនេះ ត្រូវបានរៀបចំឡើង ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទូទៅ ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ក្នុងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ជនមានពិការភាព ជំរុញកិច្ចការពារ និងធានាឱ្យជនមានពិការភាពទទួលបាន ដោយពេញលេញនូវសិទ្ធិមនុស្សនិងសេរីភាពជាសារវន្ត ដើម្បីលើកស្ទួយការគោរព និង សេចក្តីថ្លៃថ្នូរដែលមានពីកំណើតរបស់ជនមានពិការភាព ជូនគណៈកម្មាធិការទទួលបន្ទុកសិទ្ធិជនពិការនៃ អង្គការសហប្រជាជាតិ មានភ្ជាប់មកជាមួយនូវ ឯកសារគោលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាភាសាខ្មែរ និង អង់គ្លេសដែលសម្របសម្រួល និងរៀបរៀងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៕