នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំសិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»។ កម្មវិធីមានការចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ រួមជាមួយក្រុមការងារពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិអាល្លឺម៉ង់ (GIZ) និងសហការី សរុបអ្នកចូលរួមប្រមាណ៣៥រូប ធ្វើឡើងនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១) បង្កើនការយល់ដឹងពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ២) ទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីកម្មវិធី Farmbook ៣) កំណត់យន្តការអនុវត្តការងារ និងវិធានការធានាគុណភាពសម្រាប់ការប្រមូលទិន្នន័យប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យតម្រូវការទិន្នន័យ នីតិវិធីប្រមូលទិន្នន័យមានលក្ខណៈស្តង់ដារ។
ថ្លែងក្នុងឱកាសនៃពិធីបើក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានផ្តល់អនុសាសន៍ណែនាំរួម ដល់អង្គសិក្ខាសាលាទាំងមូលដោយ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានផែនការ និងស្ថិតិ និងនាយកដ្ឋានបរិវត្តកម្មឌីជីថល ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការគាំទ្រដល់ការប្រមូលទិន្នន័យ និងការត្រួតពិនិត្យគុណភាពទិន្នន័យកសិកម្ម ប្រកបដោយប្រសិទ្ធភាព។
ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសម្តែងការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារ និងកិច្ចសហការ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាលឺ្លម៉ង់ ប្រចាំកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រលើការអនុវត្តការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕