ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ បានបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា ក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធី USDA/USAID ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ តាមរយៈកិច្ចសន្ទនារយៈពេលជាងមួយម៉ោងកន្លះប្រកបដោយលក្ខណៈស្ថាបនានិងត្រង់ទៅត្រង់មក ឯកឧត្តម ឌិត ទីណា សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសសនៅក្នុងវិស័យកសិកម្ម នឹងបន្តមានភាពរលូន ឬអាចឈានទៅកាន់ភាពល្អប្រសើរថែមមួយកម្រិតទៀតនាពេលអនាគត៕