នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី ការកសាងផែនការអភិវឌ្ឍន៍វិស័យកសិកម្មក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល គ្រប់ការិយាល័យជំនាញពាក់ព័ន្ធ និងមន្ត្រីកសិកម្មឃុំ-សង្កាត់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដល់មន្ត្រីជំនាញគ្រប់ផ្នែកឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ និងខិតខំពង្រឹងការងារជំនាញរបស់ខ្លួនស្របតាមទិសដៅចង្អុលបង្ហាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជំរុញឱ្យវិស័យកសិកម្មក្នុងខេត្តកំពង់ឆ្នាំងឱ្យកាន់តែមានការរីកចម្រើន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាកសិករក្នុងមូលដ្ឋាន៕