នៅថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “ការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាន” ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ជំនាញសវនកម្មផ្ទៃក្នុង និងមន្ត្រីទទួលបន្ទុកការងារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមបណ្តាអង្គភាពពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងគ្រូបង្គោលមកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផែនការសកម្មភាពការងារប្រចាំឆ្នាំ ដែលត្រូវអនុវត្តក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕