នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យការប្រមូលផលស្រូវ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប។ ដំណើរបេសកកម្មនោះ មានការអមដំណើរដោយលោកប្រធានការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ។
ក្នុងដំណើរនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវ ដោយបានសម្របសម្រួល និងស្នើឱ្យជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យទទួលយកបានទាំងសងខាង។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដាំដុះនូវពូជស្រូវយុទ្ធសាស្រ្តរបស់ជាតិ រួមមាន៖ ស្រូវសែនក្រអូប ផ្ការំដួល និងចំបុីស៧០ជាដើម ដែលមានតម្រូវការក្នុងទីផ្សារ ដាំដុះស្រូវតាមការចុះកិច្ចសន្យាទិញលក់ទុកជាមុន កាត់បន្ថយការចំណាយលើជី-ថ្នាំកសិកម្ម និងទទួលបានផលចំណេញច្រើន។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីជំនាញ និងមន្រ្តីកសិកម្មឃុំ-សង្កាត់ បន្តផ្តល់ការគាំទ្របច្ចេកទេស និងផ្សព្វផ្សាយអំពីស្ថានភាពតម្លៃស្រូវតាមទីផ្សារ ជូនប្រជាកសិករ៕