នៅវេលាម៉ោង ៤:០០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ចំនួន ៩៦នាក់ និងបានស្តាប់នូវបញ្ហាប្រឈម ក៏ដូចជាសំណូមពររបស់ពួកគាត់ផងដែរ។ឆ្លៀតក្នុងឱកាសនោះ មន្រ្តីមួយចំនួនបានលើកឡើងនូវសំណូមពរមួយចំនួនដូចជា ការស្នើអោយថ្នាក់ដឹកនាំរៀបចំកម្មវិធីគម្រោងអភិវឌ្ឍន៏នៅខេត្តប៉ៃលិន ដើម្បីផ្តល់ឱកាសការងារដល់មន្រ្តីខេត្ត និងអាចពង្រឹងសមត្ថភាពផងដែរ។ទន្ទ័មនឹងនេះ មន្រ្តីមួយចំនួនកំពុងខ្វះខាត មធ្យោបាយ ធ្វើដំណើរសម្រាប់ចុះ ធ្វើការនៅតាមទីជនបទដែលឆ្ងាយពីក្រុង។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអោយអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ស្នើដល់ដៃគូដែលកំពុងអនុវត្តគម្រោង ពិនិត្យលទ្ធភាពដាក់ បញ្ជូលខេត្តប៉ៃលិនជាខេត្តគោលដៅ ព្រោះថាខេត្តនេះមានសក្តានុពលចិញ្ចឹមសត្វ និងផលិតចំណី ជាពិសេសគឺចិញ្ចឹមគោយកសាច់ និងផលិតទឹកដោះ។ ចំពោះបញ្ហាមធ្យោបាយ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នៅពេលមានគម្រោងអនុវត្ត នោះមន្រ្តីដែលចូលរួមអនុវត្តនឹងត្រូវទទួលបានតាមការស្នើ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ មន្រ្តីទាំងអស់អោយខិតខំប្រឹងប្រែងបម្រើការងារ និងមានភាពអត់ធ្មត់ ហើយក្រសួងនឹងបន្តពិនិត្យលទ្ធភាពក្នុងនាំមកនូវគម្រោងផ្សេងៗទៀតនាពេលខាងមុខ។