នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅភូមិត្រត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។
គួរបញ្ជាក់ថា ការបើកការដ្ឋានសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ត្រូវប្រើប្រាស់ទុនជាង១លានដុល្លារ និងអាចផលិតបាន ១០តោន ក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា ១៥០០តោន ក្នុង១ឆ្នាំសម្រាប់ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់ ៣០០០តោន ក្នុង១ឆ្នាំ។ តាមគម្រោង ការសាងសង់រោងចក្រនេះត្រូវប្រើរយ:ពេល៤ខែ ចាប់ពីខែមីនា ដល់ចុងខែមិថុនា ឆ្នាំ២០២៤៕