ខណៈនៃការជួបជាមួយកសិករ នៅភុមិមួយចំនួន របស់ឃុំខ្នាទទឹង និងស្រុកត្រពាំងជង ស្រុកបាកាន ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បង្ហាញនូវបំណង ជំរុញឱ្យកសិករពង្រីកមុខរបរ ឱ្យបានច្រើនមុខ នៅពេលដែលតំបន់ខ្លះ កសិករអាចដាំដុះដំណាំផ្សេងទៀតបាន ។
ឯកឧត្ដមរដ្ឋមន្ដ្រីកសិកម្ម បានអញ្ជើញទៅពិនិត្យមើលការធ្វើស្រូវប្រាំង របស់កសិករជាច្រើនភូមិនៅឃុំត្រពាំងជង ។ នៅទីនោះ ក្រៅពីការធ្វើស្រែ ពួកគេមានមុខររបរមួយទៀតគឺការដាំផ្កាចន្ធូ ។
ដោយសារមានមុខរបរបន្ថែមនេះ បានធ្វើឱ្យពួកគេ មានចំណូលថ្មី ដោយមិនពឹងផ្អែក លើដំណាំស្រូវតែមួយមុខ។ ជាមួយនឹងការចូលរួមកោតសរសើរ និងអបអរចំពោះអ្វី ដែលអ្នកភូមិទាំងឡាយនៅទីនោះទទួលបាន ឯកឧត្ដមរដ្ឋមន្ដ្រី បានជូនជាយោបល់ដល់កសិករថា ការដាំផ្កាចន្ធូ គឺជាមុខរបរថ្មីមួយទៀត និងធ្វើកាន់តែប្រសើរឡើង និងពង្រីកទីផ្សារឱ្យបានកាន់តែធំ។
ប៉ុន្ដែជាមួយគ្នានេះ កសិករមិនគួរដាំតែផ្កាចន្ធូមួយមុខទេ តែគប្បីដាំផ្កាផ្សេងទៀត ឬដំណាំផ្សេងទៀត ដែលធ្វើដូចនេះ ចំណូលកាន់តែច្រើន ពិសេសគឺមានមុខរបរច្រើន ។ ឯកឧត្ដមបានស្នើឱ្យមន្ដ្រី នៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម មន្ដ្រីជំនាញមន្ដ្រីមន្ទីរកសិកម្មខេត្ដ ចុះមកជួយរៀបចំចងក្រងក្រុមប្រជាជន ដែលធ្វើកសិកម្មនៅទីនោះ ឱ្យក្លាយជាសហគមន៏អភិវឌ្ឍន៏កសិកម្មមួយ ពេញលេញតាមច្បាប់ ព្រមជាមួយការចុះបង្ហាត់បង្រៀន អំពីបច្ចេកទេសដាំផ្កាផ្សេងទៀត ការដាំបន្លែការធ្វើកសិកម្មពិសេសដំណាំស្រូវទៅតាមបច្ចេកទេសថ្មី។
កសិករនៅទីនោះ បានរីករាយចំពោះការជួយជាយោបល់ របស់ឯកឧត្ដមរដ្ឋមន្ដ្រី ជាមួយនិងការអះអាងថា នឹងធ្វើការផ្លាស់ប្ដូរថ្មី ទៅតាមអ្វីដែលឯកឧត្ដមរដ្ឋមន្ដ្រីបានពន្យល់ ។
ការជួបកសិករឃុំត្រពាំងជងនាពេលនោះ គឺបានធ្វើឡើង បន្ទាប់ពីឯកឧត្ដម បានជួបជាមួយកសិករ នៅឃុំខ្នាទទឹង ដែលនៅទីនោះកសិករ អាចធ្វើស្រែបានបីដងក្នុងមួយឆ្នាំដោយអនុវត្ដ ប.វ.ស។
នៅឃុំខ្នាទទឹង ឯកឧត្ដមរដ្ឋមន្ដ្រី បានប្រាប់ដល់កសិករ ដែលមកពីភូមិចំនួនពីរ គឺភូមិកំប្រាក់កូន និងភូមិកោះក្របី ដែលមកចូលរួមចំនួន១០០គ្រួសារ អំពីសារប្រយោជន៏ នៃការធ្វើស្រែ ទៅតាមបច្ចេកទេស ការអនុវត្ដន៏ ប.វ.ស និងការព្យាយាម ដោយការផ្លាស់ប្ដូរ ឥរិយាបថក្នុងការ ធ្វើកសិកម្ម ដែលមិនអាចធ្វើតាមទម្លាប់តទៅមទៀតបាន ។
ឯកឧត្ដមបានជំរុញឱ្យកសិករនៅទីនោះ ប្រើប្រាស់ពូជស្រូវជលសា ជាពូជស្រូវស្រាល (រយៈពេល៩៥ថ្ងៃ) ដែលរាជរដ្ឋាភិបាលកំណត់យក ដើម្បីធ្វើការនាំចេញ។ កសិករ ដែលមកចូលរួមទាំងនេះ ក៏ជាសមាជិកសហគមន៏នៅទីនោះផងដែរ ។
គួររំលឹកថា ពូជស្រូវទាំង១០មុខនោះ មាន-ស្រូវស្រាល មិនប្រកាន់រដូវចំនួន៣ គឺសែនពិដោរ IR66 និងជលសា ។ ស្រូវកណ្ដាលមានចំនួន៤ គឺស្រូវផ្ការំដួល ផ្ការមៀត ផ្ការំដេង និងផ្កាចន្ទសែនស និងស្រូវធ្ងន់ចំនួន៣ គឺ CAR4 CAR6 និងរាំងជ័យ។
នាពេលនោះ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានរំលឹកថា សហគមន៏គួរបង្កើតម៉ាស៊ីនកិនស្រូវមួយ និងត្រូវជំរុញមន្ថែមទៀត នូវការចិញ្ចឹមសត្វ ការដាំដំណាំផ្សេងបន្ទាប់ពី ប្រមូលផលរួច ។ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានផ្ដល់ឧបករណ៏ ព្រោះស្រូវដល់ភូមិទាំងពីរ ដែលភូមិនីមួយៗទទួលបានឧបករណ៏នេះ ចំនួន២គ្រឿង ៕