នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីជំនាញ ឱ្យសិក្សា និងក្តាប់ការងារឱ្យបានច្បាស់លាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ លេីសពីនេះ គ្រប់អគ្គជំនាញពាក់ព័ន្ធត្រូវអនុវត្តការងារកសិកម្មឱ្យដល់មូលដ្ឋាន ដោយត្រូវសហការតាមដាននូវតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។ គោលដៅ គឺដេីម្បីជួយឱ្យកសិករទទួលបានផលចំនេញ និងប្រសិទ្ធភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យនិងអនុវត្តប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម ធ្វើយ៉ាងណាក្ដាប់ឱ្យបាននូវតម្លៃទីផ្សារច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងបញ្ចូនទិន្នន័យទៅតាមស្ថានភាពឡេីងចុះនៃទីផ្សារជាក់ស្តែង៕