នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំពិភាក្សាគម្រោងស្តីពី “CKH1258: Svay Check River Restoration and Manazgement Project (Svay Check) in Banteay Meanchey Province” ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះគម្រោងដែលផ្តោតលើការគ្រប់គ្រងទឹកនៅក្នុងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យនេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថាគម្រោងត្រូវសិក្សា និងពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធស្រោចស្រពឱ្យបានល្អ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវផលិតកម្មកសិកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច ស្របនឹងគោលនយោបាយអាទិភាពដែលក្រសួងកំពុងជំរុញសហគមន៍ កសិកម្មទំនើបឱ្យកាន់តែមានប្រសិទ្ធភាព៕