នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំងកុមារ និងឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ។
អង្គប្រជុំបានពិភាក្សា និងវាយតម្លៃស្ថានភាពផលិតកម្មស្រូវ និងតម្លៃស្រូវ ក្នុងរដូវប្រមូលផលធំខាងមុខ ចាប់ពីចុងខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៦ ដេីម្បីត្រៀមលក្ខណ:ឱ្យបានរួចរាល់សម្រាប់កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មដែលជាយន្តការអន្តរក្រសួងនាពេលខាងមុខ ដែលជាយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថា តាមរយ:យន្តការនេះ ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ហិរញ្ញប្បទានចំនួន៥លើករួចមកហើយ ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដើម្បីធានាសន្តិសុខស្បៀង និងរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាកសិករ៕