នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ ដែលមានលោក ពាង ណារិទ្ធ អភិបាលរងខេត្តក្រចេះ ព្រមទាំងតំណាងក្រសួងមហាផ្ទៃ លោក ង៉ាន ណានី អគ្គលេខាធិការរង និងលោកប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ដើម្បីពិភាក្សានិងពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារនឹងបន្តពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសបន្តការតាមដានដោយយកចិត្តទុកដាក់លើការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
អង្គប្រជុំបានពិនិត្យនិងពិភាក្សាអំពីវឌ្ឍនភាពការងារ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងការផ្តល់សេវារដ្ឋបាលនៃវិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តក្រចេះ ផ្តោតសំខាន់លើសេវាអនុវិស័យជលផល សេវាផលិតកម្មនិងបសុព្យាបាល ព្រមទាំងសេចក្តីណែនាំអន្តរក្រសួង លេខ ២២៥ ចុះថ្ងៃទី១១ សីហា២០២៦ ស្តីពី បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការផ្តល់សេវា រដ្ឋបាលពាក់ព័ន្ធ ការងារសុខភាពសត្វ និងផលិតកម្មសត្វ (ចំនួន៤សេវា) សេវាជី-ថ្នាំកសិកម្ម និងបញ្ហាផ្សេងៗ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចុះពិនិត្យច្រកចេញចូលតែមួយ និងសត្តឃាតដ្ឋានក្រុងក្រចេះផងដែរ៕