ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា «ផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន និងផែនការសកម្មភាពឆ្នាំ២០២៦ សម្រាប់អភិវឌ្ឍវិស័យកសិកម្ម » នៅខេត្តរតនគិរី និងមណ្ឌលគិរី។ សិក្ខាសាលារៀបចំឡើងដោយអង្គការឃែរកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៣០-៣១ ខែធ្នូ ឆ្នាំ២០២៥ ។ សិក្ខាសាលាមានការចូលរួមពីដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន មន្រ្ដីកសិកម្មឃុំ និងតំណាងសហគមន៍ មកពីខេត្តរតនគិរី និងមណ្ឌលគិរី។
នាឱកាសនោះ ឯកឧត្ដម ខាត់ សុធី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះទាមទារឱ្យមន្ត្រីកសិកម្មឃុំទាំងអស់ធ្វើការឱ្យបានជិតស្និទ្ធជាមួយកសិករ ដើម្បីជួយពួកគាត់ឱ្យប្រើប្រាស់ធាតុចូល(ពូជ ជី ថ្នាំ ) បានសមស្របទៅតាមតម្រូវការរបស់ដំណាំ ឬតាមបច្ចេកទេស។ ចំណែកដំណាំដែលមានសក្ដានុពលក្នុងទីផ្សារ ហើយមានតម្លៃខ្ពស់ មានដូចជា៖ កាហ្វេ កាកាវ និង ផ្លែប័រ ជាដើម ដែលភាគច្រើនដាំដុះច្រើន នៅខេត្តមណ្ឌលគិរី។ ក្រៅពីនេះ ឯកឧត្ដម បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់មន្រ្ដីកសិកម្មឃុំ១៦០០នាក់នៅទូទាំងប្រទេស គឺពិតជាដើរតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការប្រមូលទិន្នន័យឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ក្រសួងកសិកម្ម ដើម្បីឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលា៕