មន្ទីរកសិកម្មខេត្តសៀមរាបាន និងកំពុងធ្វើស្រែប្រាំង បង្ហាញដោយអនុវត្ដប្រពលវប្បកម្មតាមគោលការណ៏ធម្មជាតិ(ប.វ.ស)លើផ្ទៃដី១០០ហិកតា នៅភូមិម្កាក់ ឃុំខ្នាចរមាស ស្រុកជីក្រែង ដែលការអនុវត្តន៏នេះ បានទាក់ទាញការចាប់អារម្មណ៏ច្រើនពីកសិករ។
មន្ដ្រីមន្ទីរកសិកម្មបាននិយាយថា នៅទីនេះពីមុន កសិករពុំមានទម្លាប់ធ្វើស្រែប្រាំងទេ។ ក្រោយការធ្វើស្រែវស្សារួច ទីនេះត្រូវបានទុកចោលទំនេរ។ តាមរយះការជំរុញរបស់លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម និងការអនុវត្ដន៏ជាក់ស្ដែងជាមួយកសិករ ដើម្បីឱ្យមានការប្រែប្រួលថ្មីមន្ទីរកសិកម្មរួមជាមួយការិយាល័យកសិកម្មស្រុក បានធ្វើស្រែប្រាំងបង្ហាញនេះឡើង។ មន្ដ្រីរូបនោះបានបន្ដទៀតថា ក្នុងដំណើរការអនុវត្ដនាពេលនេះ បានធ្វើឱ្យកសិករភាគច្រើនចាប់អារម្មណ៏ជាខ្លាំង។
សេចក្ដីបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងខណៈពេល លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម ច័ន្ទសារុន បានអញ្ជើញទៅទីនោះ កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅ។
នៅទីនោះក្រោយការពិនិត្យជាក់ស្ដែង និងការស្ដាប់អ្នកជំនាញ និងកសិករលើកឡើង លោករដ្ឋមន្ដ្រីបានណែនាំលើការងារមួយចំនួន។ លោកបានមានប្រសាសន៏ថា មន្ទីរត្រូវមានការតាមដានការអនុវត្ដន៏ឱ្យជាប់ជាប្រចាំពីការប្រែប្រួលរបស់ស្រូវ ដើម្បីបានជាពិសោធន៏ជួយដល់កសិករក្នុងការពង្រីកបន្ថែម។
ចំពោះកសិករលោកបានទាញអារម្មណ៏ឱ្យគិតពីការប្រើប្រាស់ពូជសុទ្ធល្អ។ លោកបន្ដថាជាទូទៅកសិករយើងមិនសូវចាប់អារម្មណ៏ក្នុងការជ្រើសរើសពូជប្រើប្រាស់ពូជសុទ្ធល្អនិងពូជមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ទេ គឺធ្វើទៅតាមទម្លាប់តៗគ្នា ។លោកពន្យល់ថាបញ្ហានេះត្រូវតែកែប្រែចេញ។លោកក៏បានណែនាំផងដែរពីរបៀបរៀបចំដីឱ្យរាបស្មើល្អហើយធ្វើដីឱ្យបានពី២ទៅ៤ដង។ត្រូវមើលនិងបោចស្មៅឱ្យអស់។ដោយឡែកការប្រើប្រាស់ទុយោបូមទឹកគួរប្រើប្រាស់ ទុយោធ្វើពីការ៉ុងសម្រាប់តភ្ជាប់ម៉ាស៊ីនបូមទឹក ព្រមទាំងងាយស្រួលចល័តនិងទុនដាក់។
ក្នុងឱកាសនោះលោករដ្ឋមន្ដ្រីបានផ្ដល់ឧបករណ៏កម្ចាត់ស្មៅចង្រៃដែលផលិតដោយនាយកដ្ឋានគ្រឿងយន្ដកសិកម្មចំនួន៥គ្រឿងជូនដល់ប្រជាកសិករ ដើម្បីធ្វើការបង្ហាញក្នុងការកម្ចាត់ស្មៅចង្រៃនិងជួយជ្រោយដីឱ្យបានល្អផងដែរ៕