ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមជាគណអធិតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការទិញ-លក់ម្រេចខ្មៅ រវាងសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា និងក្រុមហ៊ុន ហ្វុកស៍(ខេមបូឌា) ឯ.ក ដោយមានការអញ្ជើញចូលរួមពីនាយកដ្ឋានកសិ-ឧស្សាហកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ តំណាងក្រុមហ៊ុនហ្វុកស៍(ខេមបូឌា) ឯ.ក និងតំណាងសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជា សរុបប្រមាណ ២០រូប។ សូមបញ្ជាក់ផងដែរថាការចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ម្រេចខ្មៅសុវត្ថិភាពនេះ ក្នុងបរិមាណចំនួន ២០០តោន ដែលមានការចូលរួមពីកសិករដែលជាសមាជិកសហភាពសហគមន៍កសិកម្មគ្រឿងទេសកម្ពុជាចំនួន ៣៦នាក់ ស្ថិតនៅក្នុងភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។