នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ដដែលនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើ នៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរឆ្នាំទន្លេចំពោះកិច្ចខិតខំការពារសត្វផ្សោត ដែលជារតនសម្បត្តិជាតិ និងបានស្នើឱ្យបន្តយកចិត្តទុកដាក់លើការការពារ និងអភិរក្សផ្សោតឱ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាមិនឱ្យមានផ្សោតងាប់បន្តទៀត។ ទាក់ទងនឹងការងារនេះ គឺទាមទារឱ្យមានការសហការចូលរួមក្នុងការកំណត់អត្តសញ្ញាណជនប្រព្រឹត្តខុស និងការផ្តល់ឧបករណ៍ល្អៗ ដូចជាទូកម៉ាស៊ីន អាវពោង សឺម៉ែល និងឧបករណ៍ទាក់ទង ដើម្បីអន្តរាគមន៍បង្ក្រាបបទល្មើសឱ្យបាន និងមានលទ្ធផលល្អ ទាំងការឆក់ និងប្រើមង ត្រូវលុបបំបាត់។
ចំពោះការងារវារីសត្វនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើអភិបាលខេត្តពិចារណាស្វែងរកដៃគូឯកជនមកធ្វើការវិនិយោគ ដោយសហការជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យបានល្អ ដើម្បីភាពរីកចម្រើននិងការអភិវឌ្ឍវិស័យកសិកម្មឱ្យខ្លាំងក្លា និងមានសក្តានុពល តាមរយៈការរៀបចំគោលនយោបាយប្រចាំខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងការជំរុញផលិតផលសក្តានុពលក្នុងខេត្ត ដើម្បីជំរុញវិស័យកសិកម្មឱ្យរីកចម្រើន និងចូលរួមជួយដល់សង្គមជាតិ៕