នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធស្នើសុំចុះបញ្ជិកាវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតផ្សេងៗសម្រាប់សេវាចុះបញ្ជីជី-ថ្នាំកសិកម្ម ជាទម្រង់អេឡិចត្រូនិកសម្រាប់ធុរកិច្ច។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារបច្ចេកទេសនៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងក្រុមការងារអភិវឌ្ឍន៍ប្រព័ន្ធនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអភិវឌ្ឍប្រព័ន្ធសម្រេចបានប្រមាណ ៩០% ហើយប្រព័ន្ធនេះ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕