ប្រតិបត្តិការ ជំរឿនមន្ត្រីរាជការ ក្នុងក្រសួងកសិកម្ម សម្រាប់រយៈពេល ៣ថ្ងៃ បានចាប់ផ្តើម កាលពី ថ្ងៃទី៣១ ឧសភា។
នេះជាជំរឿនមន្ត្រីរាជការ ក្រសួងចុងក្រោយរបស់រដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ ឱ្យបានហ្មត់ចត់ និងដើម្បីធានាគណនេយ្យភាព ក្នុងរដ្ឋបាលសាធារណៈ។
ក្នុងរយៈពេល៣ថ្ងៃ មានមន្ត្រីថ្នាក់កណ្តាល របស់ក្រសួងនេះចំនួន ២.៦៩៨នាក់ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន១១៤នាក់ នឹងត្រូវធ្វើជំរឿន។
តាមគម្រោងនៅថ្ងៃទី៣១ ឧសភា នឹងត្រូវធ្វើជំរឿន ចំនួន១.០៣២នាក់ និងថ្ងៃទី១ មិថុនាចំនួន ១.០៤៩នាក់ និងថ្ងៃទី២ មិថុនាចំនួន ៦១៧នាក់។
សម្រាប់ មន្ត្រីរាជការថ្នាក់មូលដ្ឋាន (តាមមន្ទីកសិកម្មរាជធានីខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ដែលកំពុងបំពេញការងារ តាមបណ្តាអធិការដ្ឋានខណ្ឌ ផ្នែក និងសង្កាត់) ចំនួន ៤.៧៨៦នាក់ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៥៤នាក់ នឹងត្រូវធ្វើជំរឿនតាមការជូនដំណឺងនៅថ្ងៃខាងមុខ។
យោងតាមប្រសាសន៍របស់លោកច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រតិបត្តិការ ជំរឿនមន្ត្រីរាជការស៊ីវិលមានបីផ្នែក។ ទីមួយគឺការរាប់មន្ត្រីរាជការ នឹងធ្វើឡើងជាលក្ខណៈរូបវ័ន្ត ហើយតម្រូវឱ្យមន្ត្រីរាជការ មានវត្តមានដោយផ្ទាល់នៅតាមទីកន្លែងកំណត់ សម្រាប់ការធ្វើប្រតិបត្តិការ ជំរឿន។ ទី២ការចែកអត្តសញ្ញាណប័ណ្ណថ្មី ដល់រាជការស៊ីវិលគ្រប់រូប ដែលមានវត្តមានក្នុងពេលរាប់ សម្រាប់ប្រើប្រាស់ជាផ្លូវការ និងទីបី ការបំពេញព័ត៌មានសម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យរាជការដែល តម្រូវឱ្យមន្ត្រីគ្រប់រូបបំពេញតាមកម្រងសំណួររៀបចំដោយគណៈកម្មការជំរឿន៕