នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី និងអមដោយឯកឧត្តមសាកលវិទ្យាធិការ RUA តំណាងអង្គភាព GDA, GDAHP ទីប្រឹក្សាក្រសួង បានជួបពិភាក្សានៅទីស្តីការក្រសួងកសិកម្ម ជាមួយគណប្រតិភូកូរ៉េ ដែលដឹកនាំដោយលោកបណ្ឌិត Lee Woosung ជានាយកប្រតិបត្ដិនៃវិទ្យាស្ថាន RISTI លោកស្រីបណ្ឌិត OH Jung-Eun និងលោកសាស្ត្រាចារ្យ Park Yang-Hee ប្រចាំវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ជំនួបពិភាក្សានោះផ្ដោតលើការស្វែងរកឱកាសសហការរវាង RISTI (ក្រសួងការងារកូរ៉េ) ជាមួយក្រសួងកសិកម្មកម្ពុជា ក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលពិសេសដល់ពលករ/កសិករកម្ពុជា ដែលបានត្រឡប់ពីបំពេញការងារនៅកូរ៉េ ដើម្បីចាប់យកមុខរបរក្នុងផលិតកម្មកសិកម្មដ៏រឹងមាំមួយដែលអាចចូលរួមកសាងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងប្រាប់ភាគីកូរ៉េថា វិសាលភាពនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះ មិនគួរកំណត់ត្រឹមពលករដែលត្រឡប់ពីកូរ៉េ ប៉ុន្ដែត្រូវយកចិត្តទុកដាក់ចំពោះសមាជិកសហគមន៍កសិកម្មទំនើប ដែលជាអាទិភាពរបស់ក្រសួងកសិកម្មផងដែរ។ ឯកឧត្តមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវធ្វើឡើងនៅទីវាលដោយផ្ទាល់ តាមកសិដ្ឋានផលិតពេញមួយរដូវ ផ្អែកលើការចាំបាច់ដែលសហគមន៍ត្រូវការ និងស្របតាមតម្រូវការទីផ្សារ។
លទ្ធផលនៃជំនួបពិភាក្សា បានឈានដល់ការឯកភាពគ្នាជាគោលការណ៍លើទស្សនទានការងារ និងត្រូវបន្តពិភាក្សារៀបចំឯកសារគោលនៃការឯកភាពគ្នា ក្នុងទម្រង់ MOU ដើម្បីដាក់គោរពស្នើសុំអនុសាសន៍ និងការសម្រេចពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងឈានទៅអនុវត្តជាផ្លូវការ៕