នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ថ្លែងក្នុងពិធីបើក ឯកឧត្តម គី ច័ន្ទរំដួល បានលើកឡើងថា កម្មវិធីពិព័រណ៍នាថ្ងៃនេះ មិនមែនគ្រាន់តែជាការតាំងបង្ហាញកសិផលរបស់ខ្មែរប៉ុណ្ណោះទេ តែវាបានក្លាយជាចលនាជាតិមួយដែលលេចឡើងចំពេលវេលាដ៏សំខាន់បំផុត ក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងស្ថានភាពតានតឹងនៅតាមតំបន់ព្រំដែន។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើពហិការមិនគាំទ្រផលិតផលចោរសៀមឈ្លានពាន ហើយងាកមកពង្រឹងស្មារតីមហាសាមគ្គីជាតិ ដោយគាំទ្រផលិតផលក្នុងស្រុក គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់។ ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាការប្រកាសជំហររួមគ្នាយ៉ាងមុតស្រួច ក្នុងការប្រែក្លាយការគាំទ្រផលិតផលខ្មែរ ឱ្យទៅជាខែលការពារជាតិដ៏រឹងមាំ ដើម្បីការពារសេដ្ឋកិច្ចជាតិពិតប្រាកដ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងប្រើប្រាស់កសិផល និងផលិតផលក្នុងស្រុក ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករ ពង្រឹងសន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕