នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារបំពេញបេសកកម្ម នៅតំបន់គោលដៅនៃគម្រោង « ស្តារ និងគ្រប់គ្រងស្ទឹងស្វាយចេក » ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ។
ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពជំនាញក្រោមឱវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរដែនដី លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងផលិតផលកសិកម្ម (ASPIRE-AT) និងមន្ត្រីកសិកម្មឃុំគោលដៅ ដែលសរុបអ្នកចូលរួមចំនួន៥០នាក់។
គោលបំណងនៃបេសសកម្មនេះ ដើម្បីធ្វើការចុះពិនិត្យពីស្ថានភាពទូទៅនៃវិស័យកសិកម្ម ស្ថានភាព និងសមត្ថភាពរបស់ប្រព័ន្ធធារាសាស្ត្រក្នុងការទប់ស្កាត់គ្រោះទឹកជំនន់ ការរក្សាទឹក និងផ្គត់ផ្គង់ទឹក ហើយកំណត់កិច្ចអន្តរាគមន៍នានា ដែលគម្រោងគួរធ្វើជាបន្ទាន់ និងត្រូវធ្វើក្នុងរយៈពេលវែង ។
ជាលទ្ធផលដែលទទួលបានពីបេសកកម្មនេះ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ និងក្រុមការងារចូលរួមទាំងអស់ បានសម្រេចទៅលើការពិចារណា នៅក្នុងការកសាងផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តន៍នៅក្នុងឆ្នាំ២០២៥ និងនៅឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត៕