នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារធ្វើតេស្តរកសារធាតុញៀន និងការសហការចូលរួមរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ដែលបានស្ម័គ្រចិត្តចូលរួមធ្វើតេស្តនេះ ស្របតាមបទបញ្ជាយ៉ាងម៉ុងម៉ាត់លេខ០១ បប របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំលេខ០០១ សណន របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងពិធីដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងជាង ២០០នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀនពិតជាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញពីភាពស្អាតស្អំ និងភាពជាគំរូសម្រាប់មន្រ្តីរាជការគ្រប់រូប ដើម្បីក្រើនរម្លឹក និងជំរុញឱ្យមន្ត្រីទាំងអស់ កុំប៉ះពាល់ កុំប្រើប្រាស់ និងចៀសឆ្ងាយពីគ្រឿងញៀន។
ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី បានពន្យល់និងណែនាំដល់ក្រុមការងារធ្វើតេស្តសារធាតុញៀនឱ្យយកចិត្តទុកដាក់សហការទៅតាមអង្គភាពនីមួយៗ ដោយអនុវត្តការធ្វើតេស្តនេះឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញការផ្សព្វផ្សាយពីការចៀសឆ្ងាយពីគ្រឿងញៀន ស្របតាមទិសស្លោក «និយាយថាទេ ចំពោះគ្រឿងញៀន»៕