នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រហូតទៅដល់ ភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តកំពង់ចាម)។
ប្រតិបត្តិការនេះអមដំណើរដោយ លោកនាយអធិការរដ្ឋបាលជលផលមេគង្គ នាយរងអធិការរដ្ឋបាលជលផលបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល -កំពង់ឆ្នាំង -កំពង់ចាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល និងអាជ្ញាធរស្រុកបាធាយ ដោយមានកម្លាំងចូលរួមសរុប ៤៥នាក់ និងកាណូត ៩គ្រឿង។
ក្នុងដំណើរនេះ ក្រុមការងារជំនាញបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចំនួន ១ករណី ដោយរុះរើបំផ្លាញ ចោលនូវឧបករណ៍ខុសច្បាប់រួមមាន ឧបករណ៍លូស្បៃមុងចំនួន ១៣០មាត់ របាំងស្បៃមុងចំនួន ១២២កន្លែង ប្រវែង ៦០០០ម៉ែត្រ បង្គោលចម្រឹង ២០០០ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះ៦៥០គីឡូក្រាមចូលបឹងធម្មជាតិវិញ៕