នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សាជាមួយនឹងប្រជាពលរដ្ឋចំនួន៧៦ គ្រួសារ មកពីឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលកិច្ចប្រជុំគឺផ្តោតទៅលើការត្រៀមរៀបចំសហគមន៍កសិកម្មទំនើប សម្រាប់ផលិតកម្មស្រូវនាងអំ ស្ថិតនៅក្នុងឃុំនោះ ។
បន្ទាប់ពីការពិភាក្សាជាលទ្ធផល ប្រជាកសិករដែលបានចូលរួម មានការយល់ដឹងកាន់តែច្បាស់ពីសហគមន៍កសិកម្មទំនើប និងស្ម័គ្រចិត្តចូលរួមក្នុងការអនុវត្តន៍ ដើម្បីជំរុញសហគមន៍ទំនើបឱ្យលេចចេញជារូបរាងឡើង ប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានោះ នាយកដ្ឋានសហគមន៍កសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយសម្របសម្រួល ដោយគាំទ្រសហគមន៍កសិកម្មទំនើបដែលនឹងបង្កើតថ្មីនេះបន្តទៀត។
សូមបញ្ជាក់ថាជូនដែរថា ប្រជាកសិករចំនួន៧៦គ្រួសារ នៅក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ៧៤០ហិកតា បានស្ម័គ្រចិត្តចូលរួម ដាក់ដីស្រែរួមគ្នា ដើម្បីរៀបចំសហគមន៍ទំនើបនេះ។