ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំពិភាក្សា និងសម្របសម្រួល ក្នុងការបង្កើតមណ្ឌលសិក្សាសហគមន៍ (CLC) ប្រចាំឃុំបានៀវ ស្រុកឈូក ខេត្តកំពត ដោយមានអ្នកចូលរួមសរុបចំនួន១៥នាក់ (ស្ត្រី៦នាក់)។
កិច្ចប្រជុំនេះបានទទួលការគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តាមរយៈគម្រោងពង្រឹងសមត្ថភាពសេវាផ្សព្វផ្សាយកសិកម្មសម្រាប់លើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង (ECAES-BFSN) និងមានការចូលរួមពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឈូក និងអាជ្ញាធរមូលដ្ឋាន។ កិច្ចប្រជុំនេះមានគោលបំណង (១) កំណត់ជ្រើសទីតាំងសមស្រប និងមានសក្តានុពលសម្រាប់បង្កើតជាមណ្ឌលសិក្សាសហគមន៍ (២) ជ្រើសរើសគណៈកម្មការមជ្ឈមណ្ឌលសិក្សាសហគមន៍ (៣) ប្រមូលធាតុចូល និងតម្រូវការចាំបាច់សម្រាប់គាំទ្រដល់មណ្ឌលសិក្សាសហគមន៍ឱ្យដំណើរការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាលទ្ធផលក្រុមការងារ បានជ្រើសរើសទីតាំងដែលសមស្របសម្រាប់ធ្វើជាមណ្ឌលសិក្សាសហគមន៍ប្រចាំ ឃុំបានៀវ បានបោះឆ្នោតតែងតាំងគណៈកម្មការ និងជ្រើសរើសសមាជិកមណ្ឌលសិក្សាសហគមន៍ ដែលមានប្រធាន១រូប អនុប្រធាន១រូប លេខាធិការ១រូប ហេរញ្ញិក១រូប និងសមាជិកចំនួន ២០នាក់ និងបានប្រមូលធាតុចូល និងតម្រូវការចាំបាច់សម្រាប់គាំទ្រដល់មណ្ឌលសិក្សាសហគមន៍ឱ្យ ដំណើរការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។