នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា» សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។ តាមការគ្រោងទុក អនុស្សរណៈនេះ នឹងត្រូវសម្រេចការព្រមព្រៀងរវាងភាគីទាំងពីរ មុនពេលមានកិច្ចប្រជុំពិគ្រោះនយោបាយកម្រិតខ្ពស់ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕