សូមជម្រាបជូនថា ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញមកប្រចាំការត្រៀមលក្ខណៈអន្តរាគមន៍ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសពីតំបន់ព្រំដែនមកទីតាំងមានសុវត្ថិភាព ក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងបានណែនាំដល់ក្រុមការងារទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់នៅទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ និងបងប្អូនភៀសសឹកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ស្ថិតក្នុងពេលដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យរក្សាភាពអត់ធ្មត់ស៊ូទ្រាំ និងថែរក្សាខ្លួននៅទីកន្លែងសុវត្ថិភាព ខណៈពេលដែលការចាកចេញពីភូមិស្រុកគេហដ្ឋានពុកម៉ែបងប្អូន គឺជាការលះបង់ចាំបាច់មួយដើម្បីបញ្ចៀសហានិភ័យនៃការប្រយុទ្ធគ្នា ដែលជួយសម្រួលឱ្យកងទ័ពរបស់នៅសមរភូមិការពារទឹកដីដោយទឹកចិត្តមោះមុត និងអង់អាចក្លាហាន។
ជានិច្ចកាល ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខយកចិត្តទុកដាក់ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវអំណោយជាច្រេីនជាគ្រឿងបរិភោគ និងប្រេីប្រាស់សម្រាប់ជួយសម្រួលប្រជាពលរដ្ឋភៀសសឹកមកកន្លែងទីតាំងមានសុវត្ថិភាព។
យើងទាំងអស់គ្នាគាំទ្រកងទ័ពដ៏អង់អាចរបស់យើងក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រហូតដល់ពុកម៉ែបងប្អូនវិលត្រឡប់ទៅភូមិស្រុកគេហដ្ឋានវិញបាន ហេីយយើងទាំងអស់គ្នាថ្កោលទោសសកម្មភាពខ្មាំងឈ្លានពាន រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបង្កហានិភ័យផ្ទាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ហើយគាំទ្រការឆ្លើយតបការពារដែនដីមិនឱ្យបាត់សូម្បីតែមួយមិល្លីម៉ែត្រ៕